នាព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៦ សាកលវិទ្យាល័យអន្តរជាតិ បានរៀបចំបាឋកថាបង្រៀនពិសេសមួយ ស្តីអំពីការឆ្លុះក្រពះពោះវៀន និងវិទ្យុសកម្មសម្រាប់ជំងឺមហារីកក្រពះពោះវៀន ឆ្នាំ ២០២៦ ដោយមានកិច្ចសហការជាមួយមន្ទីរពេទ្យ Presbyterian Medical Center (PMC) ប្រទេសកូរ៉េ និងមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខផងដែរ
កម្មវិធីនេះមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ តំណាងមន្ទីរពេទ្យ Presbyterian Medical Center (PMC) ប្រទេសកូរ៉េ ព្រមទាំងសាធារណៈជន និងនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិផងដែរ។
ក្នុងឱកាសនោះ សាកលវិទ្យាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ទីរពេទ្យ Presbyterian Medical Center (PMC) ប្រទេសកូរ៉េ ដែលបានជ្រើសរើសនិស្សិតសាកលវិទ្យាល័យអន្តរជាតិឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលអន្តរជាតិ នៅប្រទេសកូរ៉េ។ ជាមួយគ្នានេះផងដែរ លោកបានបង្ហាញក្តីសង្ឃឹមថា ការសហការនេះនឹងបន្តរឹងមាំ និងអភិវឌ្ឍទៅមុខបន្ថែមទៀតនាពេលអនាគត។
កម្មវិធីនេះមានគោលបំណងលើកកម្ពស់ចំណេះដឹង និងជំនាញវិជ្ជាជីវៈដល់និស្សិត ក្នុងវិស័យជំងឺមហារីកក្រពះពោះវៀន ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ការអនុវត្តជាក់ស្តែង និងការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រថ្មីៗ។ លើសពីនេះ កម្មវិធីក៏មានគោលដៅជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងពីវាគ្មិនដែលបានចូលរួមក្នុងកម្មវិធីផងដែរ។

















