ដំណើរទស្សនកិច្ចរបស់ លោក យូ វីរៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងគណៈកម្មការបច្ចេកទេស នៃក្រសួងអប់រំ យុវជន និងកីឡា នៅសាខាសាកលវិទ្យាល័យ អន្តរជាតិ ខេត្តសៀមរាប
នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក យូ វីរៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងគណៈកម្មការបច្ចេកទេស នៃក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយគណៈកម្មការបច្ចេកទេស បានអញ្ជើញចុះទស្សនកិច្ច និងពិនិត្យស្ថានភាពជាក់ស្តែង ព្រមទាំងផ្ទៀងផ្ទាត់ទិន្នន័យមូលដ្ឋាន សម្ភារៈ និងធនធានសិក្សា សម្រាប់ដំណើរការទទួលស្គាល់ការបង្កើតសាខាសាកលវិទ្យាល័យ អន្តរជាតិ (IU) ខេត្តសៀមរាប។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ មហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ បានអញ្ជើញទទួលស្វាគមន៍ និងដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅក្នុងបរិវេណសាកលវិទ្យាល័យ ដើម្បីពិនិត្យអំពីហេដ្ឋារចនាសម្ព័ន្ធ អគារសិក្សា បន្ទប់ពិសោធន៍ បណ្ណាល័យ បរិក្ខារបច្ចេកទេស និងធនធានគាំទ្រការបង្រៀន និងការសិក្សា។
ជាមួយគ្នានេះ គណៈប្រតិភូក៏បានពិនិត្យ និងវាយតម្លៃលើគុណភាពនៃការគ្រប់គ្រង កម្មវិធីសិក្សា សមត្ថភាពបុគ្គលិកបង្រៀន និងការត្រៀមខ្លួនរបស់សាកលវិទ្យាល័យ ក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណភាព ស្របតាមស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា។
ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការអភិវឌ្ឍវិស័យឧត្តមសិក្សានៅកម្ពុជា និងជាកម្លាំងជំរុញដ៏សំខាន់ក្នុងការពង្រឹងគុណភាពអប់រំ និងការពង្រីកឱកាសសិក្សាជូនយុវជននៅខេត្តសៀមរាប។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh

















