នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ តំណាងឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ បានចូលរួមក្នុងកិច្ចប្រជុំស្តីពីដំណើរការវិនិយោគ ដែលផ្តោតលើគម្រោងកំពុងអភិវឌ្ឍនៅភូមិភាគឦសាន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអនុប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន រួមទាំងភាគីពាក់ព័ន្ធនានា។
ក្នុងគោលបំណងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ឱកាស និងទិសដៅនៃការវិនិយោគនាពេលអនាគត ក្រោមការលើកទឹកចិត្ត និងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យវិនិយោគជិកក្នុងស្រុក និងក្រៅស្រុក មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន សាកលវិទ្យាល័យអន្តរជាតិ កំពុងបន្តដំណើរការវិវឌ្ឍន៍ និងអភិវឌ្ឍខ្លួន ព្រមទាំងអនុវត្តគម្រោងសាងសង់នានានៅតំបន់ភូមិភាគឦសាន ដោយផ្តោតលើវិស័យអប់រំ សុខាភិបាល និងវិស័យបដិសណ្ឋារកិច្ច ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមទិសដៅនៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។

















