Bachelor Degree of Midwifery

១. គោល​បំណង​វគ្គ​សិក្សា

ដើម្បី​បណ្ដុះបណ្ដាល​និស្សិត​បរិញ្ញាបត្រ​ឆ្មប​ឲ្យ​មាន ចំណេះ​ដឹង ជំនាញ និង​អាកប្បកិរិយា​សម​ស្រប ហើយ​មាន​សមត្ថភាព​ដផ្ដល់​សេវា​ថែទាំ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​គោល​បំណង​ជួយ​កាត់​បន្ថយ អត្រា​ជំងឺ និង​មរណៈភាព​របស់​មាតា កុមារ និង​ទារក រួប​ទាំង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​សម្រាល​របស់​មាតា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

២. លទ្ធផល​នៃ​ការ​សិក្សា

និស្សិត​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នេះ​នឹង​អាច៖

  • អនុវត្ត​ចំណេះ​ដឹង​ស្ដី​ពី​ច្បាប់ គោលនយោបាយ និង​សេចក្ដី​ណែនាំ​ដែល​ទាក់ទង​ទៅ​នឹង​ការ​អនុវត្តន៍​ជំនាញ​វិជ្ជាជីវៈ
  • អនុវត្ត​របៀប​ថែទាំ​ជំងឺ​ដោយ​ផ្ដោត​លើ​ការ​ត្រឹះរិះ​ពិចារណា​ត្រឹមត្រូវ​ក្នុង​ការ​ផ្ដល់​ការ​ថែទាំ និង​ការ​ព្យាបាល​ព្រម​ទាំង​ជំនាញ​ទំនាក់​ទំនង​អន្តរ​បុគ្គល​ប្រកប​ដោយ​ប្រសិទ្ធិភាព ដែល​ធ្វើ​ឲ្យ​ការ​ប្រកប​វិជ្ជាជីវៈ​ឆ្មប​បាន​ជោគជ័យ
  • អនុវត្ត​នូវ​គោល​ការណ៍​ដែល​ពាក់​ព័ន្ធ​នឹង​ក្រម​សីលធម៌ ច្បាប់ សេដ្ឋកិច្ច និង​នយោបាយ​ដោយ​បង្ហាញ​នូវ​អាកប្បកិរិយា​វិជ្ជមាន និង​ការ​គោរព​ចំពោះ​មនុស្ស​គ្រប់​រូប ដោយ​មិន​គិត​ពី​ស្ថានភាព​សេដ្ឋកិច្ច ទំនៀម​ទំលាប់ ជំនឿ សាសនា ពូជសាសន៍ និង​និន្នាការ​នយោបាយ
  • មាន​សមត្ថភាព​ក្នុង​ការ​ផ្ដល់​ការ​ថែទាំ​គ្រប់​ជ្រុងជ្រោយ និង​ប្រកប​ដោយ​គុណភាព ជូន​ដល់​អតិថិជន ក្រុម​គ្រួសារ និង​សហគមន៍ ដោយ​ផ្អែក​លើ​ស្តង់ដា​របស់​វិជ្ជាជីវៈ​ឆ្មប ដើម្បី​មាតុភាព​គ្មាន​គ្រោះ​ថ្នាក់
  • អនុវត្ត​គោលការណ៍​ថែទាំ​សុខភាព​បឋម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​សុខភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​សហគមន៍ តាម​រយៈ​ការ​ចូលរួម​របស់​សហគមន៍
  • ទទួល​ខុសត្រូវ​ក្នុង​ការ​អភិវឌ្ឍន៍​វិជ្ជាជីវៈ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ ព្រម​ទាំង​ការ​ស្វែង​យល់​ដឹង​អំពី​ការ​ផ្លាស់​ប្ដូរ​នៃ​និន្នាការ​សុខាភិបាល
  • បង្ហាញ​សមត្ថភាព​ពី​តួនាទី​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ និង​អ្នក​ផ្ដល់​យោបល់​ជាមួយ​អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ដទៃ​ទៀត
  • មាន​សមត្ថភាព​ធ្វើ​ការ​ស្រាវជ្រាវ​ផ្នែក​សុខភាព​ស្ត្រី និង​កុមារ​នៅ​ក្នុង​សហគន៍​សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​សម្រេច​ចិត្ត ដើម្បី​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាព​បន្ត​ពូជ កុមារ និង​សហគមន៍។

៣. ការ​តម្រូវ​របស់​វគ្គ​សិក្សា

  • និស្សិត​អាច​ឈប់​សម្រាក​ដោយ​មាន​ច្បាប់​អនុញ្ញាត​ចំនួន ១៥% ឬ​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន ១០% នៃ​ចំនួន​ម៉ោង​សិក្សាសរុប​ក្នុង​ឆមាស​នីមួយៗ តែ​មិន​អនុញ្ញាត​ឲ្យ​ឈប់​ដោយ​មិន​បាន​រៀន​ក្រេឌីត​ណាមួយ​ទេ
  • និស្សិត​អាច​ឈប់​សម្រាក​បាន​ត្រឹម​តែ ១៥% នៃ​ចំនួន​ម៉ោង​សិក្សា​សរុប​ក្នុង​ឆមាស​នីមួយៗ ទោះ​មាន ឬ​គ្មាន​ច្បាប់​អនុញ្ញាត​ក៏​ដោយ
  • និស្សិត​ត្រូវ​មាន​វត្តមាន​យ៉ាង​តិច​ឲ្យ​បាន ៨៥% (ឬ ៩០% ក្នុង​ករណី​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត) នៃ​ចំនួន​ម៉ោង​សិក្សា​សរុប​ក្នុង​ឆមាស​នីមួយៗ (ម៉ោង​ទ្រឹស្ដី និង​ម៉ោង​អនុវត្ត) និង​បំពេញ​ឲ្យ​បាន​យ៉ាង​តិច ៧០% នៃ​ការ​តម្រូវ​គ្លីនិក​​ក្នុង​ឆមាស​នីមួយៗ ទើប​អនុញ្ញាត​ឲ្យ​ប្រលង​ឆមាស។ ចំពោះ​ចំនួន​ករណី​នៃ​ការ​តម្រូវ​គ្លីនិក​ដែល​នៅ​សល់ ៣០% ទៀត និស្សិត​នឹង​ត្រូវ​បំពេញ​ឲ្យ​បាន​ក្នុង​រយៈពេល​ធ្វើ​កម្មសិក្សា​អន្តេវាសិក​ក្នុង​ឆមាស​ទី​៨ ឬ​ក្រោម​ការ​រៀបចំ​របស់​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល
  • ប្រសិនបើ​វត្តមាន​តិច​ជាង ៥០% នៃ​ចំនួន​ម៉ោង​សិក្សា​សរុប​ក្នុង​ឆមាស​នីមួយៗ ឬ​ការ​បំពេញ​ការ​តម្រូវ​គ្លីនិក​តិច​ជាង ៥០% និស្សិត​ត្រូវ​រៀន​ត្រួត​ថ្នាក់​ជាមួយ​ជំនាន់​បន្ទាប់។

៤. លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស

បេក្ខនារី​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូច​ខាង​ក្រោម៖

  • ត្រូវ​មាន​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (Baccalaureate II) ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា
  • ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​ជ្រើសរើស​ចូល​រៀន​ថ្នាក់​ជាតិ​ដោយ​ជោគជ័យ
  • ត្រូវ​មាន​សុខភាព​ល្អ

កំណត់​សម្គាល់៖ ចំនួន​បេក្ខនារី​ដែល​ត្រូវ​ជ្រើសរើស​ចូល​រៀន​ផ្នែក​បរិញ្ញាបត្រ​ឆ្មប ត្រូវ​កំណត់​ដោយ​យោង​តាម​ផែនការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​របស់​ក្រសួង​សុខាភិបាល និង​សមត្ថភាព​ផលិត​របស់​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​នីមួយៗ។

៥. សុពលភាព និង​ការ​ផ្ទេរ​ក្រេឌីត

  • និស្សិត​ត្រូវ​បំពេញ​ក្រេឌីត​ទាំង​អស់​របស់​ថ្នាក់​បរិញ្ញាបត្រ​ឆ្មប យ៉ាង​យូរ​រយៈពេល ៦​ឆ្នាំ
  • និស្សិត​អាច​ផ្ទេរ​ទៅ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ដទៃ​ទៀត​ក្នុង​ករណី​បាន​បំពេញ៖
  • ក្រេឌីត​ទាំង​អស់​នៃ​ឆ្នាំ​ទី​១ (ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន) ឬ
  • ក្រេឌីត​ទាំង​អស់​នៃ​ឆ្នាំ​ទី១ (ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន) និង​ឆ្នាំ​ទី​២ របស់​កម្មវិធី​បរិញ្ញាបត្រ​ឆ្មប ដោយ​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី។