អបអរសាទរ ពិធីប្រកាសលទ្ធផលបេក្ខជនជ័យលាភី កម្មវិធី IU Video Contest 2026 នៅសាកលវិទ្យាល័យ អន្តរជាតិ
នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យ អន្តរជាតិ បានរៀបចំពិធីប្រកាសលទ្ធផលបេក្ខជនជ័យលាភី កម្មវិធី IU Video Contest 2026 ប្រកបដោយបរិយាកាសអធិកអធម សប្បាយរីករាយ និងពោរពេញទៅដោយមោទនភាព។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ មហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ និង សាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សាស្ត្រាចារ្យ ថ្នាក់ដឹកនាំ បុគ្គលិក និងនិស្សិតជាច្រើនរូប។
កម្មវិធី IU Video Contest 2026 ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់និស្សិតឱ្យបង្ហាញសមត្ថភាព ច្នៃប្រឌិត និងទេពកោសល្យក្នុងការផលិតវីដេអូ ព្រមទាំងផ្សព្វផ្សាយពីសកម្មភាព សមិទ្ធផល និងបរិយាកាសសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ តាមរយៈមាតិកាប្រកបដោយគុណភាព និងភាពច្នៃប្រឌិត។
ក្នុងឱកាសនោះ គណៈអធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះបេក្ខជនទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមប្រកួតប្រជែង ព្រមទាំងបានអបអរសាទរដល់បេក្ខជនជ័យលាភីដែលទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រកិត្តិយស។ ទន្ទឹមនឹងនេះ ក៏បានលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យបន្តអភិវឌ្ឍជំនាញ បង្កើនភាពច្នៃប្រឌិត និងចូលរួមក្នុងកម្មវិធីផ្សេងៗរបស់សាកលវិទ្យាល័យនាពេលខាងមុខ។
សាកលវិទ្យាល័យ អន្តរជាតិ សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះបេក្ខជនជ័យលាភីទាំងអស់ និងសូមជូនពរឱ្យបន្តទទួលបានជោគជ័យបន្ថែមទៀតក្នុងការសិក្សា ការងារ និងសកម្មភាពច្នៃប្រឌិតនានានាពេលអនាគត។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh

















